វិស័យគ្រឿងសម្អាងនៅកម្ពុជា ហាក់រីកដុះដាលខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលលំហូរចូលផលិតផលថ្មីៗកើតឡើងជារៀងរាល់ថ្ងៃ។ទោះមិនទាន់បានជ្រួលជ្រាបច្រើន ក៏ពិតមែនក៏វិស័យនេះ ហាក់ដូចជាមុខព្រួញមួយសំខាន់ ទាំងពេលបច្ចុបន្ននិងអនាគត។
ជាក់ស្ដែងតាមការលើកឡើងពីស្ថាបនិកSecret Lady អ្នកស្រីកែ ហេងសីហា បានប្រាប់Business Cambodiaថា វិស័យគ្រឿងសម្អាងនិងផលិតផលថែរក្សាសម្ផស្សនឹងត្រូវប៉ាន់ខ្លាំង ជាពិសេសគឺក្នុងស្រុកយើងផ្ទាល់ ពីព្រោះប្រជាជនកាន់តែយល់ដឹងច្រើន ហើយហិរញវត្ថុក៏ល្អ ដូច្នេះវាជាតម្រូវការចាំបាច់ចំពោះមនុស្សបំផុត មិនថាកាលៈទេសៈណានោះទេ វាក៏ជាវត្ថុមួយដែលមនុស្សត្រូវតែទទួលយក ដើម្បីអភិវឌ្ឍន៍ខ្លួននិងផ្ដល់ទំនុកចិត្តឱ្យខ្លួនឯង។
មានបទពិសោធន៍ក្នុងវិស័យនេះជាង៦ឆ្នាំ និងមានជំនាញជានិសិ្សតពេទ្យផងនោះ បានជំរុញឱ្យស្រ្ដីរូបនេះ ចេះតែមានទឹកចិត្តនិងក្ដីសង្ឃឹមពង្រឹងមុខរបររបស់ខ្លួនតាំងពីដើមទុនតិច លក់ដូរតូចតាច រហូតមានផលិតផលជាម៉ាកយីហោផ្ទាល់ខ្លួន មានការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញ ជាពិសេសគឺមានការទទួលស្គាល់ក្រសួងសុខាភិបាល និងបានបញ្ជីត្រឹមត្រូវស្របច្បាប់ផងដែរ។
យោងទៅតាមភាពជាក់ស្ដែង និងរយៈកាលដែលខ្លួនបានឈរជើងក្នុងវិស័យនេះ សហគ្រិនរូបនេះក៏បានបង្ហើបថា ទម្រាំជោគជ័យក្នុងវិស័យនេះ គឺមិនធម្មតាទេ ពីត្រូវពឹងផ្អែកទៅលើច្រើនចំណុច ហើយត្រូវឆ្លាតវៃខ្លាំងណាស់ ទើបអាចឈរជើងមកដល់ពេលនេះ ជាពិសេសត្រូវចំណាយពេលវេលានិងលះបង់ច្រើនខ្លាំងណាស់ ពីព្រោះការលក់ផលិតផលទៅកាន់ទីផ្សារ គឺការចែកចាយមួយដ៏ធំ ជាពិសេសគ្រឿងសម្អាងនេះទៀតសោត គឺត្រូវប្រុងប្រយ័ត្នគ្រប់ជំហាន តាំងពីជ្រើសរើសផលិតផលមកលក់ដំបូង រហូតដល់ការលក់ចេញ។
ស្រ្ដីរូបនេះក៏បន្ដទៀតថា គោលការណ៍សំខាន់បំផុតសម្រាប់លក់ផលិតផលគ្រឿងសម្អាងនេះ ត្រូវផ្តោតទាំងតម្លៃនិងគុណភាព ព្រមទាំងភាពស្មោះត្រង់ផងដែរ ដើម្បីថែរក្សាកេរ្ដិ៍ឈ្មោះខ្លួនឯងផ្ទាល់ និងថែរក្សាអតិថិជនឱ្យបានយូរអង្វែង ពីព្រោះបើចេះតែលក់ចេញចង់ចំណេញពេក ប្រាកដជាដាច់ចំណងមិនខានឡើយ អតិថិជនទិញតែម្ដង តម្លៃមិនសមស្របទីផ្សារ គ្មានគុណភាព ហើយភូតភរគេទៀតនោះ ប្រាកដជាគ្មានផ្លូវទៅមុខនោះទេ។
ជាចុងក្រោយ ស្រ្ដីរូបនេះក៏បានផ្ដាំផ្ញើដល់អ្នករកស៊ីក្នុងវិស័យនេះថា មុនសម្រេចចិត្តដើរលើវិស័យនេះ ត្រូវតែប្រាកដវិជ្ជា ច្បាស់លាស់និងផ្ដល់ទំនុកចិត្តដល់ខ្លួនឯង ជាពិសេសមិនត្រូវចេះតែនឹកឃើញហើយចេញលក់នោះទេ វាអាចធ្វើឱ្យយើងឆាប់បរាជ័យ ខាតបង់ទទេមិនខាន។
សហគ្រិនស្ត្រីរូបនេះក៏បានចូលរួមប្រកួតប្រជែងកម្មវិធី«ប្រគល់ពាន់រង្វាន់សហគ្រិនឆ្នើម Successful CEO Award 2019» រៀបចំឡើងដោយក្រុមហ៊ុន Luxury Smile Beauty Group Cambodia Co., LTD រួមជាមួយនឹងក្រុមហ៊ុនដៃគូសហការឧបត្ថម្ភជាច្រើនទៀត ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលយ៉ាងខ្ពង់ខ្ពស់ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។
កម្មវិធីនេះ នឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអន សែនសុខ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ហើយកត្តាសំខាន់ដែលជំរុញឱ្យចូលរួមកម្មវិធីសហគ្រិនឆ្នើមប្រចាំឆ្នាំនេះ ព្រោះតែជឿទុកចិត្តលើក្រុមហ៊ុនរៀបចំ និងដៃគូសហការ រួមទាំងមានការទទួលស្គាល់ចេញពីក្រសួងសុខាភិបាលកម្ពុជាផងដែរ៕
អត្ថបទដោយ៖ នឹម ផានុន

.gif)