ក្រុមហ៊ុន Luxury Smile Beauty Group (Cambodia) ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលថែក្សាសម្ផស្សប្រកបដោយគុណភាពខ្ពស់ និងដ៏មានសក្តានុពលធំនៅកម្ពុជា បានសហការផ្តល់សិទ្ធិដល់ក្រុមហ៊ុន Secret Lady ដើម្បីនាំចូល និងចែកចាយផលិតផលថែរក្សាសម្រស់ Secret Lady Soap និងផលិតផល Secret Love ពីប្រទេសថៃមកក្នុងទីផ្សារកម្ពុជា។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Group (Cambodia) បានលើកឡើងថា ដោយមើលឃើញថា ដោយសារសង្គមមានការអភិវឌ្ឍកាន់តែខ្លាំង ប្រជាជនចាប់ផ្តើមមើលឃើញពីតម្លៃនៃការរក្សាសម្ផស្សដែលធ្វើឱ្យផលិតផលថែរក្សាសម្ផស្សកំពុងអភិវឌ្ឍ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ហេតុនេះហើយទើបក្រុមហ៊ុនរបស់លោក ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលថែរក្សាសម្ផស្សដែលមានរោងចក្រស្របតាមស្តង់ដាខ្ពស់នៅប្រទេសថៃ បានចាប់ផ្តើមគិតគូរ និងជួយផលិតនូវផលិតផលប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងស្របតាមស្តង់ដាច្បាស់លាស់ ដើម្បីផ្តល់សិទ្ធិចែកចាយបន្តដល់ក្រុមហ៊ុនក្នុងស្រុកដែលចង់អភិវឌ្ឍអាជីវកម្ម ដោយបង្កើតម៉ាកសញ្ញាផ្ទាល់ខ្លួនលើវិស័យថែរក្សាសម្ផស្ស។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានមានប្រសាសន៍ថា៖ «ការសហការ និងការផ្តល់សិទ្ធិចែកចាយផលិតផល Secret Lady Soap ដល់ក្រុមហ៊ុន Secret Lady នៅថ្ងៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្មរក្សាសម្ផស្សនេះឱ្យកាន់តែមានសក្តានុពល និងផ្តល់នូវជម្រើសប្រកបដោយគុណតម្លៃខ្ពស់សម្រាប់សុភាពបុរស និងសុភាពនារីកម្ពុជាគ្រប់រូបដែលកំពុងគិតគូរពីការរក្សាសម្រស់របស់ខ្លួន»។
លោកស្រី កែ ហេងសីហា បាននិយាយថា៖ «នាងខ្ញុំសូមធានាថា ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនយើងខ្ញុំជាក្រុមហ៊ុនដំបូងគេដែលគិតពីសុខភាពប្រជាជន សុវត្ថិភាពនៃការប្រើប្រាស់ផលិតផល និងតម្លៃសមរម្យ។ មូលហេតុដែលធ្វើឱ្យយើងគិតគូរខ្លាំងពីបញ្ហាទាំងអស់នេះ ដោយសារនាងខ្ញុំជាឱសថការិនីម្នាក់ដែលប្រកាន់ខ្ជាប់នូវគោលជំហរ ក្រមសីលធម៌គ្រូពេទ្យក្នុងការនាំចូលនូវផលិតផលដែលមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាជន មិនចង់ឱ្យបងប្អូនចំណាយលុយឥតប្រយោជន៍ ឬប្រើប្រាស់ផលិតផលខុសនោះទេ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Luxury Smile Beauty Group ជាក្រុមហ៊ុន ផ្ដល់សិទ្ធិអាជីវកម្មដ៏ធំមួយ និងជាក្រុមហ៊ុននាំចូលផលិតផលល្បីៗប្រកបដោយគុណភាពខ្ពស់នៅក្នុងទីផ្សារកម្ពុជា ហើយក៏ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសថៃ ដែលទទួលផលិតរាល់ផលិតផលថែរក្សាសម្រស់គ្រប់ប្រភេទ និងផលិតផលប្រើប្រាស់ទូទៅជាច្រើនប្រភេទទៀត ដែលមានបទពិសោធខ្ពស់ និងមានការទទួលស្គាល់យ៉ាងទូលំទូលាយពីអាជីវករ និងពាណិជ្ជករកម្ពុជា និងថៃជាច្រើនស្ថាប័ន៕