News

កែ ហេងសីហា៖ បង្ហើបគោលជំហររឹងមាំ ដើម្បីរកស៊ីគ្រឿងសំអាង កសាងទំនុកចិត្តពីភ្ញៀវ

វិស័យគ្រឿងសម្អាងនៅកម្ពុជា ហាក់រីកដុះដាលខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលលំហូរចូលផលិតផលថ្មីៗកើតឡើងជារៀងរាល់ថ្ងៃ។ទោះមិនទាន់បានជ្រួលជ្រាបច្រើន ក៏ពិតមែន​ក៏វិស័យនេះ ហាក់ដូចជាមុខព្រួញមួយសំខាន់ ទាំងពេលបច្ចុបន្ននិងអនាគត។

ជាក់ស្ដែងតាមការលើកឡើងពីស្ថាបនិកSecret Lady អ្នកស្រីកែ ហេងសីហា បានប្រាប់Business Cambodiaថា វិស័យគ្រឿងសម្អាងនិងផលិតផលថែរក្សាសម្ផស្សនឹងត្រូវប៉ាន់ខ្លាំង ជាពិសេសគឺក្នុងស្រុកយើងផ្ទាល់ ពីព្រោះប្រជាជនកាន់តែយល់ដឹងច្រើន ហើយហិរញវត្ថុក៏ល្អ ដូច្នេះវាជាតម្រូវការចាំបាច់ចំពោះមនុស្សបំផុត មិនថាកាលៈទេសៈណានោះទេ វាក៏ជាវត្ថុមួយដែលមនុស្សត្រូវតែទទួលយក ដើម្បីអភិវឌ្ឍន៍ខ្លួននិងផ្ដល់ទំនុកចិត្តឱ្យខ្លួនឯង។

មានបទពិសោធន៍ក្នុងវិស័យនេះជាង៦ឆ្នាំ និងមានជំនាញជានិសិ្សតពេទ្យផងនោះ បានជំរុញឱ្យស្រ្ដីរូបនេះ ចេះតែមានទឹកចិត្តនិងក្ដីសង្ឃឹមពង្រឹងមុខរបររបស់ខ្លួនតាំងពីដើមទុនតិច លក់ដូរតូចតាច រហូតមានផលិតផលជាម៉ាកយីហោផ្ទាល់ខ្លួន មានការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញ ជាពិសេសគឺមានការទទួលស្គាល់ក្រសួងសុខាភិបាល និងបានបញ្ជីត្រឹមត្រូវស្របច្បាប់ផងដែរ។

យោងទៅតាមភាពជាក់ស្ដែង និងរយៈកាលដែលខ្លួនបានឈរជើងក្នុងវិស័យនេះ សហគ្រិនរូបនេះក៏បានបង្ហើបថា ទម្រាំជោគជ័យក្នុងវិស័យនេះ គឺមិនធម្មតាទេ ពីត្រូវពឹងផ្អែកទៅលើច្រើនចំណុច ហើយត្រូវឆ្លាតវៃខ្លាំងណាស់ ទើបអាចឈរជើងមកដល់ពេលនេះ ជាពិសេសត្រូវចំណាយពេលវេលានិងលះបង់ច្រើនខ្លាំងណាស់ ពីព្រោះការលក់ផលិតផលទៅកាន់ទីផ្សារ គឺការចែកចាយមួយដ៏ធំ ជាពិសេសគ្រឿងសម្អាងនេះទៀតសោត គឺត្រូវប្រុងប្រយ័ត្នគ្រប់ជំហាន តាំងពីជ្រើសរើសផលិតផលមកលក់ដំបូង រហូតដល់ការលក់ចេញ។

ស្រ្ដីរូបនេះក៏បន្ដទៀតថា គោលការណ៍សំខាន់បំផុតសម្រាប់លក់ផលិតផលគ្រឿងសម្អាងនេះ ត្រូវផ្តោតទាំងតម្លៃនិងគុណភាព ព្រមទាំងភាពស្មោះត្រង់ផងដែរ ដើម្បីថែរក្សាកេរ្ដិ៍ឈ្មោះខ្លួនឯងផ្ទាល់ និងថែរក្សាអតិថិជនឱ្យបានយូរអង្វែង ពីព្រោះបើចេះតែលក់ចេញចង់ចំណេញពេក​ ប្រាកដជាដាច់ចំណងមិនខានឡើយ អតិថិជនទិញតែម្ដង តម្លៃមិនសមស្របទីផ្សារ គ្មានគុណភាព ហើយភូតភរគេទៀតនោះ ប្រាកដជាគ្មានផ្លូវទៅមុខនោះទេ។

ជាចុងក្រោយ ស្រ្ដីរូបនេះក៏បានផ្ដាំផ្ញើដល់អ្នករកស៊ីក្នុងវិស័យនេះថា​ មុនសម្រេចចិត្តដើរលើវិស័យនេះ ត្រូវតែប្រាកដវិជ្ជា ច្បាស់លាស់និងផ្ដល់ទំនុកចិត្តដល់ខ្លួនឯង ជាពិសេសមិនត្រូវចេះតែនឹកឃើញហើយចេញលក់នោះទេ វាអាចធ្វើឱ្យយើងឆាប់បរាជ័យ ខាតបង់ទទេមិនខាន។

សហគ្រិនស្ត្រីរូបនេះក៏បានចូលរួមប្រកួតប្រជែងកម្មវិធី«ប្រគល់ពាន់រង្វាន់សហគ្រិនឆ្នើម Successful CEO Award 2019» រៀបចំឡើង​ដោយក្រុមហ៊ុន​ Luxury Smile Beauty Group Cambodia Co., LTD រួមជាមួយ​នឹងក្រុមហ៊ុន​ដៃគូ​សហការ​ឧបត្ថម្ភជាច្រើនទៀត ក្រោម​អធិបតីភាពលោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋ​លេខាធិការក្រសួងសុខាភិបាល ដែលយ៉ាងខ្ពង់ខ្ពស់​ឯកឧត្តម​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃប្រទេសកម្ពុជា។

កម្មវិធីនេះ នឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអន សែនសុខ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ហើយកត្តាសំខាន់ដែលជំរុញឱ្យ​ចូលរួមកម្មវិធី​សហគ្រិនឆ្នើម​ប្រចាំឆ្នាំនេះ ព្រោះតែ​ជឿទុកចិត្ត​លើក្រុមហ៊ុនរៀបចំ និងដៃគូសហការ រួមទាំង​មានការទទួលស្គាល់​ចេញពី​ក្រសួងសុខាភិបាលកម្ពុជាផងដែរ៕

អត្ថបទដោយ៖ នឹម ផានុន